ព័ត៌មានជាតិ

កូរ៉ូឡាបើកបរល្បឿនលឿនវ៉ាជែងហាយឡែនឌ័រជ្រុលទៅបុកកាមរីឆ្លាមដឹកត្រសក់ពេញទំហឹង បណ្តាលឲ្យខ្ទេចរថយន្ត រីឯម្ចាស់ទាំងសងខាងចូលពេទ្យ

បាត់ដំបង: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មុននេះបន្តិចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានរបួសធ្ងន់៤នាក់និងស្រាលម្នាក់ ដោយសាររថយន្តកូរ៉ូឡាបើកបរក្នុងល្បឿនលឿនបញ្ច្រាសទិសជែងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រក៏ជ្រុលទៅបុករថយន្តកាមរីពេញទំហឹង ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ៕

រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ខ្មៅ សេរីឆ្នាំ៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2B 9454 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណម្នាក់ អ្នករួមដំណើរ៣នាក់ បើកបរពីត្បូងទៅជើង ពេលបើកដល់ចំណុចកើតហេតុក៏វ៉ាជែងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រក៏ជ្រុលទៅបុករថយន្តរងគ្រោះម៉ាក់កាមរីឆ្លាម ពណ៌ប្រផេះ សេរីឆ្នាំ៩៨ ពាកស្លាកលេខ ភ្នំពេញ 2H 9517 អ្នកបើកបរមានឈ្មោះ អ៊ុល គឹមហេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានលេខទូរសព្ទ ០១២៥៧២១២២ បើកបរពីជើងទៅត្បូង មានដឹកត្រសក់ បណ្តាលឲ្យខ្ទេចរថយន្តរីឯត្រសក់ខ្ចាយចេញពីក្នុងរថយន្តធ្លាក់ពាសពេញផ្លូវ ហើយម្ចាស់រថយន្តរងរបួសស្រាល ។

បច្ចុប្បន្នអ្នករបួសទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តបង្កនិងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនិងចាត់ការតាមនីតិវិធី ៕

មតិយោបល់