កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូសេ១២៥ ចំនួន២គ្រឿង បានពន្លះគ្នាពេញទំហឹង រហូតបណ្តាលឲ្យមានបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាបុណ្យជារៅ តាមបណ្តោយផ្លូវលេខ១៥៣អា ក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-6952 បើកបរដោយបុរសម្នាក់ឈ្មោះ ជិន សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏ប៉ះជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-4814 បើកបរដោយឈ្មោះ បូវ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ ជិន សុវណ្ណ រងរបួសបាក់ជើង និងបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឈ្មោះ បូ វ៉ាន់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់