Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ និងដកហូតថ្នាំញៀន ៣កញ្ចប់នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ២នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ស្ថិតក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ២នាក់នោះ ទី១-ឈ្មោះ ង្វៀង ធីហ៊ែ្វរ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ មិនពិតប្រាកដ (ជួញដូរ) និងទី២-ឈ្មោះ ឈូក សុខឆេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ មានទីលំនៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានមនុស្សប្រុសស្រី ២នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលសង្កែ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ២នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ចូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕