ព័ត៌មានជាតិ

មានអញ្ចឹងដែរ!ជម្លោះតាំងពីក្នុងក្លឹបស្ព៉ាយឌ័រ បើករថយន្តដេញកៀរម៉ូតូឲ្យដួលរួចលើកម៉ូតូដាក់រថយន្តយកទៅដុតកម្ទេចចោល ផ្អើលសមត្ថកច្ច

ភ្នំពេញៈ ជនស្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់បង្កជម្លោះនៅក្នុងក្លឹប ហើយពេលចេញមកវិញ ក៏បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ដេញតាមវាយកៀរ និងគប់ដុំថ្មវាយ រហូតជិតដល់ផ្ទះរងគ្រោះ តែជនរងគ្រោះបានរត់ចោលម៉ូតូ ហើយជនសង្ស័យបានលើកម៉ូតូដាក់រថយន្ត រួចយកទៅដុតកម្ទេចចោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មុត រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរគួកជេរឡាន ស្នាក់នៅផ្ទះជួលបុរីពិភពថ្មី កំបូល តែបច្ចុប្បន្ន រើមកនៅភូមិត្រពាំងថ្លឹង ស្រុកកំណើត ភូមិអូរតាកាំ៣ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូម៉ាកDukeមានឈ្មោះ យ៉ាល់ យ៉ារ៉ា (ហៅខួច) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះម៉ូតូដែលខូចខាតម៉ាង Duke ខូតខាតទាំងស្រុងមើលលែងយល់សល់តែគ្រោងឆ្អឹង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានចូលទៅផឹកស៊ីរាំកម្សាន្តនៅក្នុងក្លឹបស្ព៉ាយឌ័រ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកជនសង្ស័យបានសម្លឹងមុខជនរងគ្រោះ ក្នុងន័យបង្ករឿង តែជនរងគ្រោះមិនបានតបតវិញទេ រួចជនរងគ្រោះនិងមិត្តភក្តិ បានចេញពីក្លឹបគោលបំណងត្រឡប់ទៅផ្ទះ នៅពេលនោះក៏ស្រាប់តែក្រុមជនសង្ស័យឃើញជនរងគ្រោះចេញ ក្រុមជនសង្ស័យបានចេញមកតាមដែរ ដោយបើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ មិនស្លាកលេខ រួមជាមួយម៉ូតូ២ ទៅ៣គ្រឿងទៀត តាមបុកជនរងគ្រោះ ហើយជនរងគ្រោះភ័យពេកបានផ្តួលម៉ូតូរត់គេចខ្លួន។ ចំណែកក្រុមជនសង្ស័យក៏ជិះហួសទៅមុខ បន្ទាប់មកជនរងគ្រោះបានដើរទៅលើកម៉ូតូជិះបន្តទៅមុខទៀត តែត្រូវក្រុមជនសង្ស័យតាមបុកបន្តទៀតពេលនោះជនរងគ្រោះបានផ្តួលម៉ូតូចោលម្តងទៀតរួចរត់គេចខ្លួន។ ពេលជនរងគ្រោះរត់ជាលើកចុងក្រោយ ស្រាប់តែក្រុមពួកជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះ ដាក់លើរថយន្ត រួចក៏យកទៅដុតចោលនៅចំណុចផ្លូវចូលទៅផ្ទះជួលដំបូលខៀវ។ រហូតដល់ម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែមេសា ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកអធិការ យឹម សារ៉ាន់ បានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោងខាងលើ ក៏ឃាត់បានជនសង្ស័យតែម្តង និងបានបន្តការឆែកឆេរទៅដល់បន្ទប់ជួលរបស់ជនសង្ស័យ ដែលស្ថិតនៅក្នុងបុរីពិភពថ្មីកំបូល ក្រែងរកឃើញរបស់អ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងទៀត ។

ក្រោយពីឆែកឆេរមិនឃើញមានអ្វីជាសម្គាល់ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីសាកសួរនាំនិងកសាងសុំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់