ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកគ្នាជាមួយនឹងម៉ូតូសេ១២៥ ក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កំពង់ឆ្នាំង: លោកអធិការស្រុកកំពង់ត្រឡាច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធន់ដឹកទំនិញ មួយគ្រឿងបានបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ចំណែករថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥០-៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អ្នកបើកបរម៉ូតូមានឈ្មោះ រឿង វ៉ិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិពារាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ(របួសធ្ងន់) ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6084 ក្នុងទិសដៅជើងទៅត្បូងតាមបណ្តោយផ្លូវខាងលើលុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹង ម៉ូតូជនរងគ្រោះម៉ាក ហុងដា HD ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-5539 បើកបរដោយបុរសម្នាក់ ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបង្កវិញ បានបួងចង្កូតក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរវិញបានបើកទ្វាចេញរត់គេចខ្លួនបាត់ស្រមោល។

ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់