ព័ត៌មានជាតិ

លួចគោគេបាន២ថ្ងៃ! កំពុងដឹកសុខៗ ត្រូវម្ចាស់គេទាន់ទូរសព្ទប្តឹងសមត្ថកិច្ច

កំពត: បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ ខណ:កំពុងដឹកសត្វគោមួយក្បាល ដែលគេកំពុងតាមស្វែងរកអស់រយ:ពេល២ថ្ងៃមកហើយ។

ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្ចាស់គោ កាលពីវេលា ម៉ោងប្រមាណ ១១ថ្ងៃត្រង់ ទី៩ ឧសភា នេះ នៅចំណុចផ្លូវលំហាយសូន្យ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់។

លោកអនុសេនីយ៍ឯកឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានឲ្យដឹងថា ម្ចាស់គោមានឈ្មោះ កឹម ខន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ។
ចំណែកជនសង្ស័យមានឈ្មោះ វន់ ដា ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ។

លោកអនុសេនីយ៍ឯកបញ្ជាក់ថា កាលពីថ្ងៃទី៧ វេលាម៉ោង៦ព្រឹក កន្លងទៅនេះជនរងគ្រោះ បានបាត់សត្វគោញីមួយក្បាលសប្បុរចំប៉ាពងមាន់ ប៉ុន្តែគាត់មិនបានមកប្តឹងសមត្ថកិច្ចទេ លុះដល់ថ្ងៃទី៩ ព្រឹកមិញនេះ គាត់បានប្រទះឃើញជនសង្ស័យខាងលើ កំពុងដឹកគោរបស់គាត់បំរុងចង់យកទៅលក់ ភ្លាមៗនោះគាត់បានទូរសព្ទហៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ កម្លាំងនគរបាលបានសហការជាមួយនគរបាលប៉ុស្តិ៍ឃុំល្អាង ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង។

បច្ចុប្បន្នសត្វគោបានប្រគល់ជូនជនរងគ្រោះវិញ ចំណែកជនជនសង្ស័យត្រូវបានបញ្ជូនសំណុំរឿងអនុវត្តបន្ត៕

មតិយោបល់