ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀន២នាក់

កណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មចំនួន២នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន ខណៈជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចព្រៃឫស្សី ភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ទី រ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងសំណង់ ស្នាក់បច្ចុប្បន្នភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ , ទី២ឈ្មោះ យ៉ើ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត នៅភូមិក្រាំងក្រូច ឃុំភ្នំតូចស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ជឿន រ៉េន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូរបាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក) ៣កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ និង១កញ្ចប់មធ្យម, ឧបករណ៍ប្រើប្រាស់មួយចំនួន និងទូរសព្ទម៉ាក ណូគា អ៊ិនចុចពិល១គ្រឿង។

លោកអធិការបានឲ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋានបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ នាក់ ខាងលើបានឆ្លើយថាខ្លួនជាអ្នកកាន់ថ្នាំញៀនលក់ឲ្យឈ្មោះជឿន រ៉េនភេទប្រុសអាយុ៣៧ឆ្នាំ។ ក្នុងនោះ កម្លាំងជំនាញស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ធ្វើការត្រួតពិនិត្យឆែកឆេរក្នុងផ្ទះម្ដាយជនសង្ស័យឈ្មោះណៃ ហែ ភេទស្រី ភូមិខ្នារឃុំទួលព្រេជស្រុកអង្គស្នួល ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់