ព័ត៌មានជាតិ

អុញ! ជិះម៉ូតូលឿនពេកទៅបុកពីក្រោយរថយន្តធន់ធំពេញទំហឹង បោកក្បាលស្លាប់ដោយខ្លួនឯង

កណ្តាល: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿងបើកបរដោយម្នាក់ក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្តធន់ធំពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុចលើផ្លូវជាតិ ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សាកសពជនរងគ្រោះមានឈ្មោះ អយ ព្រលឹង ភេទប្រុស អាយុ២៨ឆ្នាំ (មិនពាក់មួក)ស្នាក់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ បើកម៉ូតូម៉ាកហុងដាសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1I-5896 ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកចំពីក្រោយរថយន្តធន់ធំ មួយគ្រឿងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ដួលបោកក្បាលស្លាប់តែម្តង។ចំណែកឯរថយន្តបានបើកគេចបាត់ពីកន្លែងកើតហេតុ ។

តែបើតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានបញ្ជាក់ថា ជនរងគ្រោះបានជិះម៉ូតូរេចុះ រេឡើង យ៉ាងលឿន ទំនងដូចជាស្រវឹងស្រា។

បច្ចុប្បន្នសាកសពខាងលើត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងបន្តតាមស្វែងរករថយន្តដែលពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ផងដែរ៕

មតិយោបល់