ភ្នំពេញៈ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងចំណោមបក្ខពួកប្រហែល៥ទៅ៦នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេចត្រូវបានជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ខ្លួនបានដាក់ឡើងទ្រោមខ្លួន ប៊ិះក្ស័យទៅហើយទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣០ ផ្លូវលេខ២៨៩ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ឡន ឡាំហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ជាមនុស្សស្រី មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស (ពុំបានដាក់ពាក្យបណ្តឹងនោះទេ)។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ក្រហមលាយស គ្មានស្លាកលេខ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស តាមបណ្តោយ ផ្លូវលេខ២៨៩ ពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល ៥ទៅ៦នាក់ ជិះម៉ូតូធុនទំនើបចំនួន៤គ្រឿង តាមមកពីក្រោយក្នុងទិសដៅស្របគ្នា ហើយបានចាប់ឆក់ យកកាបូបដែលជនរងគ្រោះកំពុងស្ពាយ តែពុំបានសម្រេច បណ្តាលឲ្យទាក់ដៃម៉ូតូដួលទាំងអស់គ្នា ពេលនោះជនរងគ្រោះបានស្រែកចោរៗទើបប្រជាពលរដ្ឋ និងអ្នកដំណើរ នាំគ្នាស្ទាក់ចាប់បានវាយយ៉ាងចាស់ដៃរហូតបណ្តាលឲ្យរបួសសន្លប់បាត់ស្មារតី។ ចំណែកជនសង្ស័យផ្សេងទៀតជិះ ម៉ូតូគេចខ្លួន បាត់ ដោយឡែកជនរងគ្រោះក៏មានរបួសដែរ បានជិះម៉ូតូទៅបាត់ ពុំបានដាក់ពាក្យបណ្តឹងទេ ។
បច្ចុប្បន្នជសង្ស័យខាងលើ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់