ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ជិះកង់ដើររកធ្វើសកម្មភាពលួចគាស់ផ្ទះគេ មិនទាន់បានធ្វើផង ជាប់ខ្នោះសមត្ថកិច្ចបាត់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជិះកង់ដើររកធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋតែមិនទាន់បានធ្វើផង ក៏ត្រូវសមត្ថកិច្ចល្បាតធ្វើការឃាត់ខ្លួនតែម្តង។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះង្វៀង យ៉ាំងអ៊ុក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងឈើ

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ឧបករណ៍ធ្វើអំពីដែកសម្រាប់ឆ្កឹះសោ១ និងកង់តួប្រុស ពណ៌ទឹកប្រាក់ចំនួន១គ្រឿងផងដែរ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាក្តុល បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានជួបជនល្មើសកំពុងតែជិះកង់តែម្នាក់ឯង ដោយមានការសង្ស័យ ក៏ឃាត់ឆែកឆេររកឃើញឧបករណ៍ដូចខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះកង់តែម្នាក់ឯងមកតាខ្មៅ ដើម្បីធ្វើសកម្មភាពលួចគាស់ផ្ទះគេយកទ្រព្យសម្បត្តិប្រាកដមែន តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ហើយកាលពីមុនមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចខោអាវនិងស្បែកជើងគេនៅខណ្ឌច្បារអំពៅ៥លើកមកហើយ មិនដែលធ្លាប់ជាប់ពន្ធនាគារនោះទេ។

បច្ចុប្បន្នចំពោះជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់