ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃពុធនេះ បានគំរាមបញ្ចប់ កិច្ចចរចាសន្តិភាព ជាមួយក្រុមឧទ្ទាមបក្សកុម្មុយនិស្ត ក្រោយសង្ស័យថា ក្រុមឧទ្ទាមទ័ពព្រៃនេះ បានវាយឆ្មក់ក្បួនរថយន្តរដ្ឋាភិបាល បណ្ដាលឲ្យកងអង្គរក្ស០៤នាក់រងបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពពីអង្គរក្សប្រធានាធិបតី បាននិយាយថា លោក Duterte មិនបានស្ថិតនៅក្នុងក្បួនដង្ហែរនោះទេ នៅពេលដែលខ្មាន់កាំភ្លើង បានបាញ់រះលើរថយន្តប្រធានាធិបតីពីរគ្រឿង តាមបណ្តោយមហាវិថី នៅលើកោះមីនដាណាវ ខណៈដែលច្បាប់អាជ្ញាសឹក ពុំទាន់ត្រូវបានរដ្ឋាភិបាលដកចេញពីទីនោះនៅទ្បើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋបាលលោក Duterte បានបន្ទោសទៅលើកងទ័ពប្រជាជនថ្មី នៃក្រុមប្រដាប់អាវុធ ដែលមានសមាជិក ៤ពាន់នាក់របស់គណបក្សកុម្មុយនិស្តហ្វីលីពីន និងបានគំរាមកំហែងផ្អាកការរៀបចំ កិច្ចចរចាសន្តិភាព រហូតទាល់តែពួកឧទ្ទាមព្រមបញ្ឈប់ ការវាយប្រហាររបស់ពួកគេមកលើកងកម្លាំងខ្លួន នៅភាគខាងត្បូងប្រទេស។
តាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយវិមានប្រធានាធិបតី បានឲ្យដឹងថា «ប្រធានាធិបតី បានបញ្ជាក់ទៅក្រុមមន្ត្រីរដ្ឋាភិបាលខ្លួនថា មិនត្រូវបន្តកិច្ចចរចាសន្តិភាពជាផ្លូវការណាមួយទ្បើយ លុះត្រាតែពួកឧទ្ទាមឆ្វេងនិយម យល់ព្រមបញ្ឈប់ការវាយប្រហាររបស់ពួកគេ ប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល នៅកោះមីនដាណាវជាមុនសិន» ។
សូមជំរាបថា ការវាយឆ្មក់របស់បក្សកុម្មុយនិស្តចុងក្រោយបំផុត បានកើតឡើងនៅពេលកងកម្លាំងរដ្ឋាភិបាល បើកការវាយប្រហារ ជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានលាក់ខ្លួននៅទីក្រុងម៉ាវីវី ក្នុងកោះមីនដាណាវ ស្ថិតភាគខាងត្បូងប្រទេស ចាប់តាំងពីថ្ងៃទី ២៣ ខែឧសភាកន្លងមក។
គួរបញ្ជាក់ដែរថា គណបក្សកុម្មុយនិស្ត ដែលបានធ្វើបះបោរដ៏យូរអង្វែងនៅអាស៊ី កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ក្រុមប្រដាប់អាវុធរបស់ខ្លួន ចាប់ផ្តើមវាយលុក ដើម្បីឆ្លើយតបទៅនឹងផែនការរបស់លោក Duterte ក្នុងការដាក់កោះមីនដាណាវ ឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក រហូតដល់ចុងឆ្នាំនេះ៕

មតិយោបល់