ភ្នំពេញៈ ក្មេងប្រុសជាជនសង្ស័យ២នាក់នាំគ្នា បែរជាបែកគំនិតជិះកង់មកចូលលួចទូរសព្ទដៃ១គ្រឿងដល់ក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយ មួយកន្លែង ហើយត្រូវបានម្ចាស់ផ្ទះឃើញទាន់ដេញចាប់ប្រផាត់ប្រភីងរួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចផ្ទះលេខ២៦៣ ផ្លូវលេខ៦២R ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងប្រុសទាំង ២នាក់ខាងលើ ទី១-ឈ្មោះ គង់ សុភ័ក្ត្រ ភេទប្រុស អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ បាន ពេជ្រ ភេទប្រុស អាយុ ១១ឆ្នាំ បច្ចុប្បន្នក្មេងប្រុសទាំង ២នាក់នេះមានមុខរបរ នៅផ្ទះ និងស្នាក់បន្ទាប់ជួលជាមួយបងស្រីបង្កើតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកឯម្ចាស់ទូរសព្ទរងគ្រោះមានឈ្មោះ តាំង រដ្ឋផានី ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរ លក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាសម្តីម្ចាស់ទូរសព្ទរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះ គោលបំណងទៅផ្សារទិញគុយទាវ មួយចានមកអង្គុយហូបលើតុនៅក្នុងផ្ទះ ខណៈដែលកំពុងអង្គុយហូបគុយទាវ រូបគាត់បានអង្គុយលេងទូរសព្ទបណ្តើរ ស្រាប់តែហូបគុយទាវអស់ ក៏បានទុកទូរសព្ទនៅលើតុចោល ហើយរូបគាត់បានដើរយកចានទៅទុកនៅក្នុងផ្ទះបាយខាងក្រោយ ស្រាប់តែត្រឡប់មកវិញ ក៏ឃើញក្មេងប្រុសសង្ស័យម្នាក់ចូលមកយកទូរសព្ទដៃ១គ្រឿង ម៉ាក IPhone 6 ចំណែកម្នាក់ទៀតអង្គុយលើកង់ ពេលឃើញបែបនេះ រូបគាត់បានស្រែកឆោរឡោថា ចោរៗចូលលួចទូរសព្ទ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងអ្នកធ្វើដំណើរតាមដងផ្លូវដេញតាមចាប់ប្រផាត់ប្រភីងចាប់យកទូរសព្ទដៃបានមកវិញ ហើយប្រគល់ក្មេងប្រុសសង្ស័យទាំង ២នាក់ខាងលើឲ្យទៅសមត្ថកិច្ច។
ក្រោយពីឃាត់ខ្លួនក្មេងប្រុសទាំង ២នាក់ខាងលើរួចមក កម្លាំងសមត្ថកិច្ចបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសាកសួរ។ ចំណែកឯទូរសព្ទដែលដកហូតបានពីក្មេងសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់ដើមវិញ។
បន្ទាប់មកម្ចាស់ទូរសព្ទមិនបានប្តឹងផ្តល់ទេ ដោយគ្រាន់តែសុំទូរសព្ទត្រឡប់ទៅផ្ទះវិញ រីឯក្មេងប្រុសសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចហៅឪពុកម្តាយមកធ្វើកិច្ចសន្យា និងអបរំឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់