ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Drexel នៃទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ទើបបានស្រាវជ្រាវរកឃើញវត្ថុធាតុដើម និងវិធីសាស្រ្តថ្មី ហៅថា Mxene សម្រាប់យកទៅផ្សែផ្សំផលិតចេញជាថ្មទូរសព្ទ ដែលអាចប្រើពេលសាកបំពេញត្រឹមតែប៉ុន្មានវិនាទី។
វត្ថុធាតុដើមថ្មីនោះ មានមាឌតូចល្អិតក្នុងទម្រង់ជា Nano ខុសពីវត្ថុធាតុដើមក្នុងថ្មដែលកំពុងប្រើប្រាស់សព្វថ្ងៃ ហើយវាអាចផ្ទេរ និងទទួលបន្ទុកអគ្គិសនីចេញ/ចូលបានខ្លាំង និងរហ័សជាងថ្មលីចូមបច្ចុប្បន្ន ដែលនៅមានកម្រិតនៅឡើយ។ របកគំហើញថ្មីនេះដែរ ត្រូវបានចាត់ជាបដិវត្ត (ការផ្លាស់ប្តូរ) នៃវត្ថុធាតុដើមក្នុងការផលិតថ្មសម្រាប់ឧបករណ៍អេឡិចត្រូនិច ដោយសារតែវាអាចផ្តល់នូវវិធីសាស្រ្តក្នុងការបង្កើតខ្សែផ្លូវរត់សម្រាប់អេឡិចត្រុងចូលទៅក្នុងសារធាតុផ្ទុកថាមពលអគ្គិសនីខាងក្នុងថ្មបានធំ និងច្រើនជាងថ្មបច្ចុប្បន្នឆ្ងាយ។
សាស្រ្តាចារ្យ Yury Gogotsi បានដឹកនាំក្រុមវិស្វករធ្វើការស្រាវជ្រាវថ្មប្រភេទថ្មីនេះ ចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ ហើយពួកគេទើបរកឃើញសារធាតុ និងវិធីសាស្រ្តក្នុងការផលិតថ្មថ្មីដែលខ្លួនឱ្យឈ្មោះថា Mxene សម្រាប់បំពាក់លើទូរសព្ទចល័ត។ លោក Gogotsi ជឿថា របកគំហើញក្រុមរបស់លោក ក៏នឹងដឹកនាំឈានទៅដល់ការបង្កើតអាគុយរថយន្ត និងថ្មកុំព្យូទ័រយួរដៃដែលមានថាមពលកាន់តែខ្លាំង ហើយអាចសាកបំពេញបានកាន់តែរហ័ស ដោយកាត់បន្ថយពេលសាកពីរាប់ម៉ោង មកនៅត្រឹមពីរបីនាទី និងវិនាទី។
យ៉ាងណាក៏ដោយ ថ្មប្រភេទថ្មី MXene ត្រូវការពេលប្រហែលពីរបីឆ្នាំទៅមុខទៀត ទើបអាចផលិតវាចេញដើម្បីឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយក្នុងឧស្សាហកម្មថ្មគ្រឿងអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់