ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន

ភ្នំពេញ: បុរសជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន និង ដកហូតថ្នាំញៀនបានចំនួន៣កញ្ចប់តូច ខណ:ដែលរូបគេកំពុងតែឈរនៅលើដងផ្លូវខាងមុខវត្តប្រយូរវង្ស។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅចំណុចខាងមុខវត្តប្រយូរវង្ស ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ ធី ម៉ង់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះលេខ M៨២ ផ្លូវលេខ៣០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបសាក់បាននាំគ្នាធ្វើការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ទៅដល់ចំណុចខាងលើនោះ ក៏បានប្រទះឃើញបុរសជាជនសង្ស័យកំពុងតែឈររេរាៗ ដោយមានការសង្ស័យក៏ហៅសួរនាំ និងឆែកឆែប្រទះឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅខោទើបធ្វើការចាប់ឃាត់តែម្តង។

ក្រោយពីធ្វើការចាប់ឃាត់ខ្លួនបុរសជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ខាងលើ រួមទាំងថ្នាំញៀនចំនួន៣កញ្ចប់តូចជាវត្ថុតាង ក៏បាននាំខ្លួនមកកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់