ស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក ទុំ សារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកវេជ្ជបណ្ឌិត លី សុខី ប្រធានប្រត្តិបត្តិក្រុមគ្រូពេទ្យវេជ្ជសាស្តសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្ដេចតេជោ រួមសហការជាមូយមូលនិធិបាយ័ន និងលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលនៅបរិវេណអនុវិទ្យាល័យព្រៃរំដួលស្ថិតក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោតឥតថ្លៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តស្រុក រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសមាជិកសមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួយសម្រួលដល់ចាស់ជរាប្រកបដោយភាពស្និតស្នាលបំផុត។
លោកវេជ្ជបណ្ឌិត លី សុខី មានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាថ្ងៃនេះ មានវេជ្ជបណ្ឌិតគ្រប់ជំនាញសរុបចំនួន៣១នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត២៥នាក់ និងជំនួយការវេជ្ជបណ្ឌិតមួយចំនួនទៀតនាក់។ ការព្យាបាល គឺរួមមានផ្នែកជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី និងពិនិត្យផ្ទៃពោះ វះកាត់តូច ព្រមទាំងមានពិនិត្យជំងឺផ្សេងៗទៀតផងដែរ។
លោកបានបន្តថា ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ហ៊ុន ម៉ាណា ប្រធានគ្រូពេទ្យវេជ្ជសាស្ត្រសម្ដេចតេជោ ទើបលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនាពេលនេះ ហើយបើតាមគម្រោងយើងព្យាបាលជូនពលរដ្ឋចំនួនចាប់ពី៨០០នាក់ ទៅ១២០០នាក់ ក្នុងរយៈពេលមួយថ្ងៃ។
គួររំឭកថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ ជាលើកទី៣៣ហើយ ក្នុងខេត្តស្វាយរៀង។
លោក ហាយ ចន្នាត់ អភិបាលរងស្រុកស្វាយទាប តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំប្រសូត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពិសេសលោកជំទាវ ហ៊ុន ម៉ាណា ដែលជាប្រធានបានយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបែបនេះ នេះជាគុណបំណាច់មិនអាចកាត់ថ្លៃបាន៕
មតិយោបល់