ព័ត៌មានជាតិ

ប្ដី និងប្រពន្ធពោះធំ៦ខែ ត្រូវរថយន្តបុកស្លាប់

កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៧១ កាលពីវេលាម៉ោង១៖២៣នាទី រសៀលថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថា គេឃើញអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ធំ 1S-5835 ចេញពីលិចទៅកើត ក្នុងគោលបំណងទៅកម្សាន្តទំនប់១មករា ហើយបានកាច់ស្តុបស៊ីញូ ត្រឹមត្រូវពេលនោះគេឃើញអ្នកបើករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ធំ 2A-1899 ចេញពីលិចទៅកើតដូចគ្នា ក្នុងល្បឿនលឿនដូចព្រួញ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ក៏បានទៅបុកអ្នកជិះម៉ូតូពីរអ្នកប្តីប្រពន្ធពេញទំហឹង បណ្តាលឲ្យប្រពន្ធជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ព្រមទាំងកូននៅក្នុងផ្ទៃប្រមាណ៦ខែទៀតផង។ ចំណែកប្តីរបួសធ្ងន់ចំក្បាល បញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងភ្នំពេញ។ តៃកុងរថយន្តបានព្យាយាមបើករត់ តែរត់ទៅដល់ចំណុចភូមិពណ្ណារាយណ៍ ឃុំចើងដើង ត្រូវកម្លាំងអាវុធហត្ថស្នាក់ការលេខ១០២ចាប់បាន។

ជនរងគ្រោះឈ្មោះ សេង សុខឡេង អាយុ២២ឆ្នាំ ជាប្រពន្ធព្រមទាំងកូនក្នុងផ្ទៃបានស្លាប់ ប្តីឈ្មោះ ង៉ាន មេងលី អាយុ២៧ឆ្នាំ របួសធ្ងន់ រស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកទាំងពីរទើបតែរៀបការមិនទាន់បានមួយឆ្នាំផង។ ចំណែកជនបង្កហេតុឈ្មោះ ហ៊ុនសីហា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ អ្នកបង្កហេតុ និងជនរងគ្រោះរស់នៅម្ខាងផ្លូវម្នាក់។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្កហេតុអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

photo_2016-05-29_15-11-58

photo_2016-05-29_15-12-00

photo_2016-05-29_15-12-02

មតិយោបល់