ព័ត៌មានជាតិ

កម្មករ កម្មការិនីរោងចក្រកាត់ដេររបស់រោងចក្រ ញូអូរៀន ខេមបូឌា ហ្គាមិន នៅតែបន្តការដួលសន្លប់ ជាង៤០នាក់ទៀតហើយ!

ភ្នំពេញៈ កម្មករកម្មការិនីរោងចក្រកាត់ដេរជាង៤០នាក់ ដែលបម្រើការងារនៅក្នុងអាគារលេខ១៥ និង១៧ ក្នុងរោងចក្រកាត់ដេរយីហោ(ញូ អូរៀន ខេមបូឌា ហ្គាមិន)ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅតែបន្តដួលសន្លប់ជាថ្មីម្ដងទៀត ក្នុងខណៈពេលទើបចូលធ្វើការងារបានរយៈពេលប្រហែលជាង១ម៉ោងប៉ុណ្ណោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្នុងរោងចក្រញូ អូរៀន ខេមបូឌា ហ្គាមិន ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នេះគឺជាលើកទី២ហើយដែលកម្មករកម្មការិនីរោងចក្រមួយកន្លែងនេះដួលសន្លប់ ដោយលើកទី១បានកើតឡើងកាលពីវេលារសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានកម្មការិនីចំនួនជិត៧០នាក់បានដួលសន្លប់ ក្រោយពេលហូបបាយថ្ងៃត្រង់រួច និងចូលធ្វើការបានត្រឹមជាង១ម៉ោងប៉ុណ្ណោះ ដោយពួកគេសុទ្ធតែមានអាការៈមិនស្រួលខ្លួនងងឹតមុខ ថប់ដង្ហើមរួច ក៏បានដួលសន្លប់តែម្ដង។ បន្ទាប់មករោងចក្របានបិទទ្វារជាបណ្ដោះអាសន្ន រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ ទើបពួកគេបានបន្តចូលធ្វើការងារ ហើយខណៈពេលកំពុងធ្វើការសុខៗស្រាប់តែដួលសន្លប់ជាថ្មីម្ដងទៀតជាង៤០នាក់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមូលមិត្ត និងសុខលាភមេត្រី ដែលស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ ចំណែករោងចក្រនោះត្រូវបានបិទទ្វារជាបណ្ដោះអាសន្នជាលើកទី២ទៀត។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលមានហេតុការណ៍បែបនេះកើតឡើង កម្មការិនីដែលមិនបានដួលសន្លប់ត្រូវបានថៅកែអនុញ្ញាតឲ្យសម្រាកពីការងារ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះការដួលសន្លប់របស់ពួកគេ មិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយទេ។ ប៉ុន្តែសង្ស័យបណ្ដាលមកពីការធ្វើការហួសកម្លាំង មានកម្លាំងខ្សោយ បូករួមក្លិនគីមីក្នុងក្រណាត់ និងអាកាសធាតុនៅក្នុងរោងចក្រនោះផងដែរ ហើយទោះបីជាបែបណា មិនបានបណ្ដាលឲ្យមាននរណាស្លាប់នោះឡើយ គ្រាន់តែមានអាការៈធ្ងន់ធ្ងរតែប៉ុណ្ណោះ។

ដោយមុនដំបូងពួកគេមានអាការៈវិលមុខ ងងឹតមុខថប់ដង្ហើមរកកលក្អួតចង្អោរ បន្ទាប់មក ក៏បានដួលសន្លប់បែបនេះតែម្ដង ហើយមិនទាន់មានមន្រ្តីជំនាញពាក់ព័ន្ធណាមួយបញ្ជាក់ពីមូលហេតុនៅឡើយ៕

https://youtu.be/0MjafQOSWIk

មតិយោបល់