ភ្នំពេញៈ នារីម្នាក់ មិនដឹងជានាងលោតចុះឬធ្លាក់ដោយជិះខ្វះការប្រុងប្រយ័ត្ននោះទេ បានធ្លាក់ពីម៉ូតូ ខណៈដែលម៉ូតូកំពុងបើក ជាហេតុធ្វើឲ្យបុរសជាអ្នកឌុបភ័យពេកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីដែលធ្លាក់ពីលើម៉ូតូត្រូវបានគេស្គាល់ថាឈ្មោះ ហាក់ ឡានី អាយុជាង២០ឆ្នាំ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើជិះម៉ូតូឌុបគ្នា២នាក់ ដោយជនរងគ្រោជិះពីក្រោយម៉ូតូមិនចាំម៉ាក តាមបណ្តោយផ្លូវ២៣០ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េចក៏ស្រាប់តែធ្លាក់ពីលើម៉ូតូ ខណៈនោះបុរសដែលគេអះអាងថាជាអ្នករត់ម៉ូតូឌុបនោះភ័យពេកក៏ជិះម៉ូតូចាកចេញពីកន្លែងកើតហេតុភ្លាមៗដែរ។
បើតាមអ្នកឃើញហេតុការណ៍បានសង្ស័យថា នារីខាងលើអាចមានជំងឺអ្វីម៉្យាងព្រោះមើលទៅទឹកមុខហាក់ស្លេកស្លាំង ហើយមិនមាត់មិនកអីទេ។ក្រោយពេលកើតហេតុនារីគ្រោះត្រូវបានសាច់ញាតិមកទទួលយកត្រឡប់ទៅវិញផងដែរ៕


មតិយោបល់