ព័ត៌មានជាតិ

Update៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ្រោងបញ្ជូនស្ត្រីលក់ឡេ និងគ្រឿងលម្អខ្លួនតាមOnline សង្ស័យផលិតផលក្លែងក្លាយមកតុលាការ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ឧត្តមសេនីយ៏ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមបានប្រាប់Post News ឲ្យដឹងថា ស្ត្រីឈ្មោះ ឆេង ស្រីរត្ន័ ហៅ(Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក ដែលគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយលោកព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ចុះប្រតិបត្តិការឆែរឆេរផ្ទះស្ត្រីលក់ឡេរ លក់ម្សៅ គ្រឿងលម្អខ្លួន សង្ស័យផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់ និងគ្រោងបញ្ជូនមកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី បានប្រាប់ឲ្យដឹងថា នីតិវិធីរបស់នគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យត្រឹមតែ២៨ម៉ោងតែប៉ុណ្ណោះ។

សូមរំលឹកថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដែលមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល លោកអធិការក្រុងតាខ្មៅ លោកមេប៉ុស្តិ៍ បានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់ លក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន សង្ស័យផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។

ហេតុការណ៍ចុះឆែកឆេរនេះកាលពីវេលាម៉ោង១០ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោរ ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្ចាស់ទីតាំងមានឈ្មោះ ឆេង ស្រីរត្ន័ ហៅ(Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក។
វត្ថុតាងចាប់យកបាន: មានប្រភេទឡេលាបស្បែកអោយសរក្នុងរយៈពេលមួយសប្តាហ៍ ម្សៅលាបមុខអោយស បំបាត់មុន ជាំ ឡេ និងម្សៅខាត់ស្បែកអោយសភ្លាមៗ.ល. ។ សរុបទាំងអស់៣០ប្រភេទ មួយចំនួនធំ។

បើតាមឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់សល់សុខភាពនិងសុវត្ថិភាពសង្គមបានប្រាប់Post News អោយដឹងថា ដោយមានការទទួលព័ត៌មាន និងការផ្សាយតាមOnline របស់ម្ចាស់ផលិតផល គណៈកម្មការយើងបានធ្វើការស្រាវជ្រាវ រហូតមានការឯកភាពពីស្ថាប័នតុលាការ គណៈកម្មការយើងបានសហការជាមួយព្រះរាជអាជ្ញារង បានចុះឆែកឆេរទីតាំងខាងលើដែលសង្ស័យលក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន ក្លែងក្លាយ។ ភ្លាមៗនោះបន្ទាប់ពីធ្វើការឆែកឆេរពិតជាបានរកឃើញថា សង្ស័យផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។

លោកឧត្តមសេនីយ៍ត្រីបានប្រាប់អោយដឹងទៀតថា ចំពោះផលិតផលទាំងអស់នោះលោកព្រះរាជអាជ្ញាររងបានឯកភាពអោយខាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយកទៅមន្ទីរពិសោធដើម្បីពិសោធមើលអោយដឹងច្បាស់ថាផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកំរិតណា។ ចំពោះឯម្ចាស់ទីតាំងក៏ត្រូវបានឃាត់ខ្លួន និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

មតិយោបល់