ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! ខេន វណ្ណាថាត់ ដើរចេញពីប៉ុស្ដិ៍លេខ៣ ហក់ចូលទ្រនំថ្មី

នៅទីបំផុតពិធីករចាស់វស្សាដែលតែងប្រកាន់ជំហរថាមិនទៅណាចោលប៉ុស្ដិ៍លេខ៣ បើទោះជាមិត្តរួមក្រុមនាំគ្នារត់អស់ បានសម្រេចចិត្តហោះចេញពីទ្រនំកម្សត់កម្រនេះហើយ ដោយលោករំពឹងថាអនាគតនៅក្នុងទ្រនំថ្មីនឹងជួយលោកលេចធ្លោក្នុងនាមជាពិធីករ និងជាអ្នកផលិតកម្មវិធីដែលខ្លួនធ្លាប់បានបង្ហាញនោះផង។ យ៉ាងណាមិញ លោកនៅតែត្រូវបានគេអះអាងថានឹងមកជួយប៉ុស្ដិ៍លេខ៣ក្នុងនាមជាពិធីករសម្រាប់កម្មវិធីដែលប៉ុស្ដិ៍លេខ៣ចង់រក្សាតំណែងទុកអោយដដែល បើទោះជាលោកដកខ្លួនឈប់ទៅធ្វើការក្នុងនាមជាអ្នកនិយាយវិទ្យុ និងជាអ្នកផលិតកម្មវិធីនៅទីនោះដូចមុន។

ប្រភពពីប៉ុស្ដិ៍លេខ៣បានអះអាងថា លោកខេន វណ្ណាថាត់ បានសម្រេចចិត្តដើរចេញពីប៉ុស្ដិ៍លេខ៣ហើយ បន្ទាប់ពីលោកតស៊ូជាមួយស្ថាប័ននេះអស់រយៈពេលច្រើនឆ្នាំ ហើយចុងក្រោយគឺមិត្តភក្តិរួមអាជីពដែលរត់ចោលលោកគេឡើងកូដអស់។ ម្នាក់ៗបានទាំងចាត់ទុកថាលោកយឺតពេលក្នុងការដើរចេញនោះផង ដោយសារតែស្ថាប័នធំៗដែលមានតម្រូវការពិធីករ និងផលិតករកម្មវិធីក្នុងអំឡុងពេលមុនគេក្ដោបក្ដាប់មុខមាត់ពេញអស់។ លោកទើបតែបានសម្រេចចិត្តដើរចេញក្រោយគេ បន្ទាប់ពីប៉ុស្ដិ៍លេខ៣ចេះតែបន្តថយក្រោយមិនមានគម្រោងអភិវឌ្ឍន៍ដើម្បីលើកមុខលើកមុខមាត់ពិធីករ និងផលិតករដែលប្រឹងធ្វើការនាពេលចុងក្រោយប៉ុណ្ណោះ។

ប្រភពនោះបន្ត ខេន វណ្ណាថាត់ បានសម្រេចចិត្តទៅធ្វើជាបុគ្គលិកពេញសិទ្ធិរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ដោយខាងស្ថាប័ននោះបានផ្ដល់នូវកិច្ចព្រមព្រៀងជាច្រើនជាថ្នូរនឹងការបោះចោលនូវប៉ុស្ដិ៍លេខ៣របស់លោក។ មានការអះអាងថាប៉ុស្ដិ៍លេខ៩ បានផ្ដល់អោយលោកផលិតកម្មវិធីរហូតដល់៥ឯណោះក្នុងតួនាទីជាអ្នកផលិតកម្មវិធីពេញសិទ្ធិរបស់លោក ខណៈដែលកម្មវិធីមួយគឺនឹងតម្រូវអោយលោកទៅផលិតដល់ប្រទេសថៃ។ មកទល់ពេលនេះមានការទម្លាយថាលោកបានចេញទៅបម្រើការ និងផលិតកម្មវិធីអោយប៉ុស្ដិ៍លេខ៩បានមួយរយៈមកហើយ ដោយកម្មវិធីបើកឆាករបស់លោកគឺកម្មវិធី«ជួបភ្លក់»ដែលមានយ៉េយ៉េ ផេនខេក និងលោកប៉ែន ចាន់សិទ្ធិ ជាពិធីករនឹងត្រូវដំណើរការដាក់ផ្សាយក្នុងពេលឆាប់ៗ។

ជួបជាមួយផុសញូ លោកខេន វណ្ណាថាត់ បានអះអាងថាលោកពិតជាសម្រេចចិត្តដើរចេញពីប៉ុស្ដិ៍លេខ៣ប្រាកដមែន តែមិនមានជារឿងអន់ចិត្ត ឬដោយសារតែប៉ុស្ដិ៍លេខ៣មិនមានកម្មវិធីបន្ថែមអោយលោកនោះទេ គឺដោយសារតែលោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ និងគិតថាប៉ុស្ដិ៍លេខ៩ ដែលទើបប្រកាសកែប្រែកម្មវិធីនឹងមានអ្វីពិសេសល្អជាងមុខតំណែងចាស់របស់លោកទើបលោកសម្រេចចិត្តទទួលយក។ លោកថាខ្លួនមិនមែនជាមនុស្សស្រែកឃ្លានភាពល្បីល្បាញទេ ទើបក្នុងពេលឡើងកូដបើទោះជាមានស្ថាប័នណាទាក់ទងយកទៅក៏នៅតែតស៊ូជាមួយប៉ុស្ដិ៍លេខ៣។

អ៊ីចឹងហើយទើបលោកដើរចេញពីប៉ុស្ដិ៍លេខ៣មិនសុខចិត្តចូលទៅប៉ុស្ដិ៍ធំៗ ឬប៉ុស្ដិ៍ថ្មីបើកក្រោយបើទោះជាមានលទ្ធភាពដោយមិនលំបាក ដោយសុខចិត្តទៅបម្រើការជាបុគ្គលិកពេញសិទ្ធិនៅប៉ុស្ដិ៍លេខ៩ ដោយលោកបញ្ជាក់ថាត្រឹមស្ថាប័នប៉ុស្ដិ៍លេខ៩ គឺលោកពេញចិត្តហើយ។ លោកនិយាយថាលោកសុខចិត្តបម្រើនៅក្នុងស្ថាប័នដែលគ្មានការប្រកួតប្រជែង និងប៉ែងជើងជាជាងបម្រើការនៅក្នុងស្ថាប័នធំហើយមានសម្ពាធការងាររាប់មិនអស់ដែលមិនអាចតស៊ូ។

លោកថានៅប៉ុស្ដិ៍លេខ៩ លោកគ្រាន់តែជាពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែលោកមានកម្មវិធីមិនតិចជាង៥ក្នុងដៃ និងត្រូវបានយកចិត្តទុកដាក់ពីបុគ្គលិកគ្រប់ផ្នែកទើបលោកសប្បាយចិត្តទៅរួមរស់ជាមួយ។ យ៉ាងណាក៏ដោយដំណើរដើរចេញពីប៉ុស្ដិ៍លេខ៣របស់លោកត្រូវបានម្នាក់មើលឃើញថាបើលោកសុខចិត្តចាកចេញបែបនេះតាំងពីយូរ ប្រហែលជាលោកបានក្លាយជាពិធីករឡើងកូដមិនចាញ់បុគ្គលរួមជំនាន់នោះទេ ដោយសារតែក្រៅពីមានសមត្ថភាពជាពិធីករ ក៏ចេះភាសាថៃ និងចេះផលិតកម្មវិធីបានល្អៗ សំខាន់អោយស្ថាប័នដែលលោកបម្រើមានកញ្ចប់ថវិកាចំណាយអោយលោកចេញផលិតកម្មវិធី៕

មតិយោបល់