ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ដបុកជាមួយ និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៥៧ ចំនុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើបានបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស។ អ្នកបើកបរម៉ូតូឈ្មោះ តែ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ សុឃា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិឃុំខាងលើរងរបួសធ្ងន់។ ចំណែកឯអ្នកបើកបររថយន្តឈ្មោះ បាន ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល។
ជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ដប៉ៃលិន ចំណែកឯរថយន្ដ និងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន រងចាំការដោះស្រាយ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍៕
មតិយោបល់