ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកផ្នែកចរាចណ៍ បានប្រាប់ Post News ថា មានមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និ២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៤និង២០៥ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អង់ ភិបុល ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកសិករ ដែលបើកបរម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម ដោយមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ធឿង ជីញហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅដូចគ្នា។ បើកក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-6305 ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ (អ្នកបើកបររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) ដែលមានទិសដៅបញ្រ្ចាសគ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមានស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ (អ្នកបើកបរម៉ូតូ) រួមនឹង អ្នកអ្នករួមដំណើរជាមួយម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងរថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
មតិយោបល់