ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនផែស្ងួត សុកន បត់ចូលរោងចក្រត្រូវរថយន្តយីឌុប មកពីក្រោយបើកបុករុញចូលប្រឡាយទឹកស្អុយទាំងកណ្តាលថ្ងៃ

ភ្នំពេញៈ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត សុកន បានបើកដឹកអីវ៉ាន់បំណងចូលទៅក្នុងរោងចក្រ ពេលកំពុងបត់ក្បាលចូលបន្តិច ស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុប មកពីក្រោយបើកក្នុងល្បឿនលឿនជ្រុលទៅបុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តកុងតឺន័រធ្លាក់ចូលប្រឡាយទឹកស្អុយតែម្តង។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ជីត ថិច ថាយលីមីតធិត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត សុកន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-1142 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានទាញចង្កូតបំណងបត់ចូលទៅក្នុងរោងចក្រ ភ្លាមនោះស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-0892 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តកុងតឺន័រធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាត ហើយរថយន្តទាំង២គ្រឿងគាបជាប់គ្នាតែម្តង សំណាងមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនាំយកមករក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

https://youtu.be/C75NlejqhJM

មតិយោបល់