ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីវយ័ក្មេងម្នាក់ ដែលកំពុងឈប់ម៉ូតូទិញផ្លែឈើនៅតាមដងផ្លូវ មិនបានសម្រេចត្រូវបានម្ចាស់គេឃើញទាន់ស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋនាំគ្នាពទ្ធ័ចាប់ ទាត់ ធាក់ ម្នាក់មួយដៃមួយជើង ធ្វើឲ្យជនសង្ស័យដួលនិងចាប់វាយបែកមុខមាត់ ទើបប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ជាប់និងស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងតុទូ បច្ចុប្បន្នស្នាក់ម្តុំត្រឡោកបែក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ឃុំតានួង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដកហូតបានម៉ូតូមួយគ្រឿង និងទូរសព្ទដៃមួយគ្រឿងផងដែរ។
ជនរងគ្រោះមានឈ្មោះ ឈិន ចរិយា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការនៅសណ្ឋាគារសុខា ត្រោយម្ខាងព្រែកលាភ បច្ចុបន្នស្នាក់នៅក្រោយសាកលវិទ្យាលយ័មេគង្គ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិធ្លោក ឃុំច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-8341 ទើបនឹងចេញពីធ្វើការនៅសណ្ឋារគារសុខាត្រោយម្ខាង បំណងជិះត្រឡប់ទៅផ្ទះទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូដើម្បីទិញផ្លែឈើបន្តិចបន្តួចយកទៅផ្ទះ ហើយរូបគាត់បានដកកាបូបដៃតូចដកចេញពីកាបូបស្ពាយដែលរូបគាត់ដាក់ខាងមុខទើបនិងហូតលុយចេញពីកាបូបឲ្យអ្នកលក់ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅថ្មីស្រទ្បាង គ្មានស្លាកលេខ ជិះបញ្ច្រសទិសដៅគ្នាពីលិចទៅកើតហើយបានជិះមកអែបខាងឆ្វេងដៃមកតម្រង់រូបគាត់ដែលកំពុងរាប់លុយឲ្យអ្នកលក់ហើយបានធ្វើសកម្មភាពឆក់កាបូបគាត់ដែលកាន់នៅនឹងដៃមិនបានសម្រេច ភ្លាមៗនោះរូបគាត់បានស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍បានលោតទៅធាក់ជនសង្ស័យមួយជើងធ្វើឲ្យជនសង្ស័យដួលនៅនឹងថ្នល់ត្រូវបានប្រជាពលរដ្ឋព្រួតវាយបែកមុខមាត់យ៉ាងដំណំទើបប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ័រដ្ឋបាល នគរបាលទឹកល្អក់២និងបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់