ភ្នំពេញៈ បុរសជាជនរងគ្រោះម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ពេលកំពុងជិះម៉ូតូម៉ាកទៅធ្វើការងារ ក៏ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន មកបុកបណ្តាលអោយដួលចូលខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀត ហើយបើករត់គេចខ្លួនបាត់ស្រមោល នៅសល់ស្លាកលេខមួយបន្ទះនៅនឹងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៤៦ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។មុនពេលកើតហេតុ បុរសរងគ្រោះបានចេញពីផ្ទះដោយជិះម៉ូតូម៉ាក icon ព៌ណត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1AD-8292 មួយគ្រឿងជិះក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ ៤៣២ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួននោះ ក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងបើកក្នុងទិសដៅពីជើងទៅត្បូងបុកបណ្តាលអោយដួល និងខ្ទាតមនុស្សចេញទៅឆ្ងាយចំណែកឯម៉ូតូខ្ទាតទៅចូលក្រោមរថយន្តមួយគ្រឿងទៀតផងដែរ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តម៉ាកហៃលែនឌ័រមួយគ្រឿងនោះបានបើករត់គេខខ្លួនបាតស្រមោល ដោយដាច់ធ្លាក់ស្លាកលេខមួយលេខ2AN-4453 មួយបន្ទះប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ និងស្លាកលេខដែលមានលេខ2AN-4453 មួយបន្ទះនោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តខាងលើមកធ្វើការដោះស្រាយគ្នាជាបន្ត៕
មតិយោបល់