កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូសណ្តោងរម៉ក បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ១៣០ នៅត្រង់ចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ម្ចាស់ម៉ូតូមានឈ្មោះ សន ភារៈ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ខៀវ គ្មានស្លាកលេខ និងម្ចាស់ម៉ូតូសណ្តោងរម៉កមានឈ្មោះ សៀម ចាន់ចាវ ភេទប្រុស អាយុ២២ឆ្នាំ
ស្នាក់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកម៉ូតូ១គ្រឿង ម៉ាកសាន់យ៉ាន់ សេ១៥០ ពណ៌ស គ្មានស្លាកលេខ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ភាគីខាងម៉ូតូនិងម៉ូតូសណ្តោងរម៉កបានធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានជ្រុលចង្កូតបុកម៉ូតូសណ្តោងរម៉កពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗតែម្តង។ ដោយសារបើកបរមិនពាក់មួកសុវត្តិភាព និងគ្មានកញ្ចក់មើលក្រោយ ចំណែកម្ចាស់ម៉ូតូសណ្តោងរម៉ករងរបួសស្រាល រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យថ្នល់ទទឹង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់