ព័ត៌មានជាតិ

ឡង់គ្រីស័រកៀរកាមរី ក្រឡាប់បោកប៉ះក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ស្លាប់!

បន្ទាយមានជ័យ: លោកអធិការរងស្រុកអូរជ្រៅ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្តបើកកៀររថយន្ត រួចបោកកន្ទុយទៅប៉ះកង់ក្មេងម្នាក់ បណ្តលឲ្យស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្រៅទីប្រជុំជន នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៨២-៣៨៣ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-6807 បើកបរដោយឈ្មោះឆាយ ចាន់ ណាវី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្ចាស់រថយន្តម៉ាកឡង់គ្រឺស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2A-0122 មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ(គេចខ្លួន)។
ចំណែកជនរងគ្រោះមានឈ្មោះ ផល វិសិដ្ឋ អាយុ១៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់