មន្រ្តីជំនាញសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ចំនួនអ្នកពាក់ព័ន្ធ ដែលចូលខ្លួនផ្តល់សំណាកវិភាគ ក្នុងព្រឹត្តិការណ៍ចម្លងជម្ងឺកូវីដ-១៩ នៅផ្សាលើធំថ្មី នៃក្រុងសៀមរាប គឺជាការកត់សម្គាល់មួយ បង្ហាញអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះសុខភាពខ្លួនឯង សុខភាពគ្រួសារ និងជាការចូលរួម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ។
បន្ទាប់ពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍ចម្លងវារ៉ុសកូវីដ-១៩ នៅផ្សារលើធំថ្មីក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសបិទផ្អាកជាបណ្តោះអាសន្នការចេញចូលលក់ដូររយ:ពេល១៤ថ្ងៃ ព្រមជាមួយនឹងការរៀបចំបន្ទាន់ កន្លែងទទួលការផ្តល់សំណាកវិភាគពីអ្នកពាក់ព័ន្ធនៅមុខទីតាំងផ្សារលើធំថ្មីផ្ទាល់តែម្តងផងដែរ។
លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃបិទបញ្ចប់ការយកសំណាកធ្វើវិភាគរកវីរុសកូវីដ-១៩ នៅមុខផ្សារលើធំថ្មីនោះថា៖ លទ្ធផលនៃការយកវត្ថុវិភាគ ដោយចាប់គិតពីរសៀលថ្ងៃទី២៤ ដល់ព្រឹកថ្ងៃទី២៧មិថុនានេះ បានប្រមាណជា ១,៣០០សំណាក។ លោកបញ្ចាក់ប្រាប់ឲ្យដឹងថា សម្រាប់ព្រឹកថ្ងៃបិទបញ្ចប់ការយកសំណាកលើទីតាំងមុខផ្សាលើនេះ ក្រុមការងារគ្រោងនឹងទទួលធ្វើចំនួន ២៥០នាក់ប៉ុណ្ណោះ បន្ទាប់ពីនោះ ចំនួនដែលនៅសេសសល់ នឹងត្រូវទទួលបន្តការធ្វើវិភាគវត្ថុសំណាកនៅមណ្ឌលចត្តាឡីស័កសាលាគរុកោលសល្យខេត្ត។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ថ្ងៃបិទបញ្ចប់នេះដែរ ការទទួលសំណាកវិភាគនៅមុខផ្សារលើធំថ្មីនេះ វាមានលទ្ធផលហួសពីការគ្រោងទុក ដោយសារតែការភ្ញាក់រលឹក និងទំនួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋ ចំពោះសុខភាពខ្លួនឯង ជៀសការចម្លងទៅក្រុមគ្រួសារ និងសហគមន៍។
លោក រ៉ន រ៉ាំ និងភរិយា រួមទាំងកូនតូចអាយុ ៥ខែផង អាសយដ្ឋានស្នាក់នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម មុខរបរជាកម្មករ បានមកផ្តល់សំណាកនៅមុខផ្សារលើធំថ្មី បញ្ជាក់អំពីវត្តមានរបស់ខ្លួនថា៖ ដោយសារតែមិត្តភក្តិធ្លាប់ជួបគ្នាហើយមានវិជ្ជមានកូវីដ-១៩ ទើបពួកគាត់មិនអាចធ្វេសប្រហែសបាន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តសៀមរាប ស្តីអំពីស្ថានភាពនៃជម្ងឺកូវីដ-១៩ និងផ្អែកតាមការផ្តល់ព័ត៌មានរបស់លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាល ស្តីអំពីការយកសំណាកធ្វើវិភាគលើអ្នកពាក់ព័ន្ធជុំវិញករណីឆ្លងជម្ងឺកូវីដ១៩នេះ ដែលមានប្រភពចេញពីផ្សាលើធំថ្មី គឺបានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី២៤ ដល់ព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ការធ្វើសំណាកវិភាគលើអ្នកពាក់ព័ន្ធប្រមាណជា១,៣០០នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១២៨ករណី។
យ៉ាងណាក៏ដោយ មន្រ្តីសុខាភិបាលរូបនេះបានបញ្ជាក់ថា ករណីឆ្លងជម្ងឺកូវីដ-១៩ ប្រភពចេញពីផ្សារលើធំថ្មីមិនទាន់់បានបញ្ចប់់នោះទេ ការស្រាវជ្រាវ និងការទប់ស្កាត់ នៅតែមានសកម្មភាពជាបន្តទៀត ៕
អត្ថបទ និងរូបភាព: លោកងិន គឹមឡេង កែសម្រួលដោយ លីវ សុខុន!!!
មតិយោបល់