ភ្នំពេញៈ យុវជនម្នាក់បានចូលមករើសកំប៉ុងស្រាបៀក្នុងរោងការ ស្រាប់តែឃើញភ្ញៀវទុកកាបូបយួរដៃលើតុ ក៏ចូលបន្លំលួចយករួចរត់គេចខ្លួន។
ហេតុការណ៍ខាងលើនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនសង្ស័យឈ្មោះ ស៊ូ ដេវិត អាយុ១៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯម្ចាស់កាបូបឈ្មោះ សន ស្រីពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
បើតាមសម្តីម្ចាស់កាបូបបានប្រាប់ថា មុនកើតហេតុគាត់បានមកចូលរួមពិធីមង្គលការបងប្អូននៅចំណុចខាងលើ ដោយបានយួរកាបូបដៃមកជាមួយផង លុះដល់ម៉ោងចាប់ផ្តើមកម្មវិធីរាំលេងផង គាត់ក៏ទុកកាបូបនៅលើតុដោយជាប់រវល់មើលអ្នករាំភ្លេចខ្លួន ស្រាប់តែយុវជនសង្ស័យនោះធ្វើសកម្មភាពលួចយកកាបូបគាត់ ហើយរត់គេចខ្លួន ប៉ុន្តែភ្លាមៗគាត់ឃើញទាន់ក៏ស្រែកចោរៗលួចកាបូប ពេលនោះបានបងប្អូនគាត់ដេញតាមពីក្រោយ និងឃាត់ខ្លួនបានរួចដកហូតបានកាបូបមកវិញ។ ម្ចាស់កាបូបបញ្ជាក់បានប្រាប់សមត្ថកិច្ចថា ក្នុងកាបូបរបស់គាត់មានលុយជាង៣០០ដុល្លារ លុយរៀលជិត៣០ម៉ឺន និងទូរស័ព្ទដៃមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញនៅពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់