ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ ដែលបានចាក់សម្លាប់សង្សារខ្លួនឯង ជាបុគ្គលិក KTV ដឹឃ្វីន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីហើយ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ លក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ចំណែកជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅផ្ទះជួល លេខ102 ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
សមត្ថកិច្ចបានបន្ដថា ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានចាក់សម្លាប់នារីរងគ្រោះជាសង្សារមែន។
នៅយប់កើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួន និងនារីរងគ្រោះបានដេកជាមួយគ្នា ពេលនោះនារីរងគ្រោះបាននិយាយទូរស័ព្ទជាមួយមនុស្សប្រុសផ្សេង ដោយប្រើពាក្យផ្អែមល្ហែមពេក។ ដោយសារតែមានចិត្តប្រចណ្ឌនាង ទើបមានការឈ្លោះប្រកែកគ្នាខ្លាំង និងឈានដល់ការចាក់សម្លាប់នាងតែម្តងទៅ៕
មតិយោបល់