កណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លួវច្បាប់ ខណៈដែលជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីថ្នាំញៀន។
ប្រតិបត្ដិការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចប្រឡាយអុងកូ ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិន ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់(មធ្យម៣និងតូចចំនួន២កញ្ចប់)។
ប្រភពដដែលបានបន្ដថា ជនសង្ស័យគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដែលសមត្ថកិច្ចបានតាមដានរយះពេលយូរមកហើយ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការថា ជនសង្ស័យមានឈ្មោះ រិន ភារ៉ា កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅត្រង់ចំណុចភូមិឃុំកើតហេតុ ខណៈនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេររកឃើញថ្នាំញៀនចំនួន៥កញ្ចប់ ទើបនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីស្រ្ដីម្នាក់នៅវាលខ្សាច់ សង្តាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ចំនួន១កញ្ចប់ធំ តម្លៃ១០ម៉ឺនរៀល ហើយខ្លួនបានរំលែកគ្រឿនញៀនបានចំនួន៦កញ្ចប់ លក់ក្នុង១កញ្ចប់ចំនួន៤ម៉ឺនរៀល៕
មតិយោបល់