ព័ត៌មានជាតិ

ម៉ូតូធំ NCX បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូធន់ធំមួយគ្រឿងម៉ាកNCX ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតសួនក្ដាន់២ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូធន់ធំម៉ាកNCXពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-2471 ជិះតែម្នាក់ឯងក្នុងល្បឿនលឿនធ្វើដំណើរទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងម៉ូតូខូចខាតស្ទើរទាំងស្រុង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់