ភ្នំពេញៈ បុរសម្នាក់និងនារីម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ដេញចាប់ឃាត់ខ្លួន ដោយនារី២នាក់ជិះម៉ូតូដេញពីក្រោយ និងស្រែកថាចោរឆក់កាបូប តែពេលឃាត់បានហើយយកមកសួរនាំ ទើបដឹងថាជាករណីប្ដីលួចមានស្រីស្នេហ៍ តែប្រពន្ធតាមទាន់ក៏ស្រែកថាចោរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅជិតផ្សារដើមគរ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចកំពុងតែជិះល្បាតក្នុងមូលដ្ឋាន ហើយក៏បានឃើញនារី២នាក់ជិះម៉ូតូនិច មួយគ្រឿង ស្រែកថាចោឆក់កាបូប ដោយជិះដេញពីក្រោយម៉ូតូស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-2363 ដែលជិះដោយបុរសម្នាក់និងនារីម្នាក់ ដោយឃើញដូចនោះ ទើបកម្លាំងធ្វើការប្រដេញនិងបោះដៃតាមវិទ្យុទាក់ទងដើម្បីឲ្យកម្លាំងផ្សេងទៀតជួយឃាត់។ តែក្រោយពីឃាត់បានហើយ កម្លាំងសមត្ថកិច្ចបាននាំបុរសនារីដែលជាជនសង្ស័យយកមកសួរនាំទើបដឹងថា ជាករណីប្រពន្ធតាមទាន់ប្ដីលួចដឹកស្រីស្នេហ៍ ចំណែកឯប្រពន្ធក្រោយពីស្រែកធ្វើឲ្យផ្អើលសមត្ថកិច្ចរួចហើយជិះម៉ូតូគេចខ្លួនបាត់។
តាមសម្ដីបុរសដែលជាជនសង្ស័យបានឲ្យដឹងថា រូបគេទាំង២នាក់បានមានទំនាក់ទំនងជាគ្នា២ទៅ៣ខែមកហើយ ហើយនៅមុនពេលកើតហេតុគឺរូបគាត់បានចេញពីផ្ទះនៅជម្ពូវ័ន្តដើម្បីមកយកនារីជាសង្សារនៅម៉ាត២៤ម៉ោង គល់ស្ពានអាកាសស្ទឹងមានជ័យ ហើយទំនងជាប្រពន្ធដឹងទើបតាមទាន់ និងស្រែកថាចោឆក់កាបូប ទើបផ្អើលដល់សមត្ថកិច្ចដេញចាប់វាយខ្នោះ មកសាកសួរនៅប៉ុស្តិ៏នគរបាលទំនប់ទឹកតែម្តង។
ក្រោយពីការសួរនាំដឹងរឿងទើបសមត្ថកិច្ចដោះខ្នោះដៃចេញទាំង២នាក់ និងរង់ចាំទំនាក់ទំនងទៅប្រពន្ធដែលជាអ្នកស្រែកថាចោរមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕
https://youtu.be/0maDsG-Bbu0
មតិយោបល់