ភ្នំពេញៈ ក្រុមបងតូចបងធំ អ្នកលេងដាវសាំម៉ូរ៉ៃប្រចាំភូមិ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍កន្ទោក បង្ក្រាបចាប់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតថ្នាំញៀន៩កញ្ចប់ ដាវចំនួន២ដើម។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលបានឲ្យដឹងថាក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិទាំង៤នាក់ ស្រីម្នាក់ខាងលើ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ តែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន ប្រមូលផ្តុំពពាក់ពពូនប្រើប្រាស់ ជួញដូរថ្នាំញៀន ហើយក្រោយពីមានសេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលអធិការដ្ឋានខណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋានប្រទះជួបក្រុមអ្នកលេងខាងលើ ឃាត់ត្រួតពិនិត្យ រកឃើញដាវចំនួន២ដើម និងថ្នាំញៀនចំនួន៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកនឹងខ្លួន ទើបឈានដល់ឃាត់ខ្លួនតែម្តង ។
តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ ទាំងយប់ទាំងថ្ងៃ ឃើញតែប្រមូលផ្តុំគ្នា ប្រើប្រាស់ ជួញដូរថ្នាំញៀន បង្កអសន្តិសុខក្នុងមូលដ្ឋាន រហូតមកដល់យប់ថ្ងៃកើតហេតុនេះ ពលរដ្ឋសាទររាល់ចំណាត់ការ បង្ក្រាបរបស់សមត្ថកិច្ច ។
ក្រោយពីឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀន រួមទាំងដាវសាំម៉ូរ៉ៃផងនោះ ជនសង្ស័យត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋាន ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់