ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចមិនឃុំខ្លួនជាបណ្តោះអាសន្ន លើជនបើកបរបង្កឱ្យពលរដ្ឋរងរបួសធ្ងន់២នាក់ នៅខណ្ឌដង្កោ។
ប្រភពដដែលបន្តថា ជនត្រូវចោទមានឈ្មោះ សាក់ សុវណ្ណមុនី ភេទប្រុស អាយុ ២២ មុខរបរ អ្នកថតរូប ទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់អ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា ៨៣ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងបន្ថែមថា នៅថ្ងៃកើតហេតុ ជនត្រូវចោទ បានបើករថយន្តបញ្ច្រាសទិសខុសច្បាប់ចរាចរណ៍ ទៅបុកជនរងគ្រោះ ២នាក់ឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គួររំឭកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទម្នាក់ឈ្មោះ ស៊ុយ សារៈទី ដែលបានបើករថយន្ត កិនកុមារា អាយុ៩ឆ្នាំ ម្នាក់ស្លាប់ នៅខណ្ឌដង្កោផងដែរ។
ពាក់ព័ន្ធមូលហេតុដែលលោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត សម្រេចដោះលែងជនជាប់ចោទខាងលើនេះ យើងនៅមិនទាន់អាច សុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតប នឹងការសួរតាមគ្រុប Telegram ដែលបានផ្ញើជូននោះទេ៕
មតិយោបល់