ភ្នំពេញៈ កម្មការិនីរោងចក្រម្នាក់ ដែលមានផ្ទៃពោះរហូតដល់៦ខែហើយ បែរជារលូតកូននៅក្នុងបន្ទប់ទឹក បណ្តាលឲ្យកូនស្លាប់ រួចម្តាយទុកចោលសពកូនរបស់ខ្លួនឯងក្នុងចានបង្គន់ចោល ពេលមានកម្មករផ្សេងទៀតចូលទៅបន្ទប់ទឹកនោះតាមក្រោយក៏ប្រទះឃើញសពទារកនៅក្នុងចានបង្គន់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងរោងចក្រតែម្តង។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនកាត់សម្លៀកបំពាក់យីហោ ស្កាយ ហាយ (ខេមបូឌា) ខូ .អិលធីឌី ដែលទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកម្មកររោងចក្រដែលធ្វើការនៅក្នុងក្រុមហ៊ុន ស្កាយ ហាយ នេះបានឲ្យដឹងថា ប្រហែលមកពីនារីកម្មករដែលរលូតកូននោះធ្វើការធ្ងន់លើសកម្លាំងខណៈដែលកំពុងពពោះ៦ខែ។ ប្រភពដដែលបានបន្តទៀតថា ទារកដែលបានស្លាប់នោះចំពោះហេតុការណ៍ខាងលើខាងក្រុមហ៊ុនជាអ្នកចាត់ចែងហើយចំពោះសពនោះ រីឯម្តាយត្រូវដែលបានរលូតកូននោះបានសុំក្រុមហ៊ុនចេញសម្រាកនៅពេទ្យបាត់ហើយ ។ ចំណែកអត្តសញ្ញាណរបស់នារីដែលជាកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន ស្កាយ ហាយ ដែលត្រូវជាម្តាយរបស់សពទារកនោះ មិនមានអ្នកណាបញ្ជាក់ពីអត្តសញ្ញាណឲ្យច្បាស់នោះទេ។
តាមការបកស្រាយរបស់លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានប្រាប់ឲ្យដឹងថា ពិតជាមានករណីនេះពិតប្រាកដមែន ហើយសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុហើយនិងបានធ្វើកំណត់ហេតុរួចរាយណ៍ទៅថ្នាក់លើហើយ ចំពោះសពទារកនោះវិញ ទុកឲ្យរោងចក្រជាអ្នកចាត់ចែង។
ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះយើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុនស្តាយ ហាយ នោះបានទេ៕
មតិយោបល់