ភ្នំពេញៈ បន្ទាប់ពីជាប់ឃុំបាន៧ថ្ងៃនៅពន្ធនាគាររាជធានីភ្នំពេញ PJ បាន៧ថ្ងៃរួចមក ជនជាប់ចោទឈ្មោះ សឹង ប៊ុណ្ណា ថៅកែក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបាន លោក ឡុង កេសភារម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យនាំខ្លួនមកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់។
ជនជាប់ចោទ សឹង ប៊ុណ្ណា មិនបានថ្លែងអ្វីទៅកាន់អ្នកសារព័ត៌មាននោះទេ ដោយលោក គ្រាន់តែឲ្យទៅសួរមេធាវីលោកចុះ។
អ្វីដែលគេមានការសម្គាល់នោះ គឺនៅត្រង់ថា សំណុំរឿងជនជាប់ចោទឈ្មោះ សឹង ប៊ុណ្ណា មានងារជាឧកញ៉ា ថៅកែក្រុមហ៊ុនល្បីម្នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរចាត់ការយ៉ាងឆាច់រហ័ស ខណ:ដែលសំណុំរឿងស្រដៀងគ្នា និងសំណុំរឿងជាច្រើនទៀត ត្រូវបានចៅក្រមសាលាដំបូងក្រុងភ្នំពេញហាក់មិនសូវអើពើនោះទេ។
សូមរំឮកថា ជនជាប់ចោទ សឹង ប៊ុណ្ណា ត្រូវបានលោក ឡុង កេសភារម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) យោងតាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។
គួរបញ្ជាក់ថា ជនជាប់ចោទ សឹង ប៊ុណ្ណា គឺជាអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ដែលជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនានេះ ពាក់ព័ន្ធនឹងករណីចេញមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ ចំនួន៤០ម៉ឺនដុល្លារអាមេរិក ទៅឲ្យទៅដើមបណ្ដឹងឈ្មោះ កាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីភ្លាមៗតែម្តង៕
មតិយោបល់