កណ្តាលៈ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយសារប្រពន្ធ ផឹករាល់ថ្ងៃ ប្តីវាយបែកក្បាល ហើយរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ បឹង គួយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ(របួសចង្កានឹងក្បាលធ្ងន់)សម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។ ជនសង្ស័យជាប្តី ឈ្មោះ សួន តុងម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំជាមួយគ្នា(គេចខ្លួន)។
នៅមុនពេលកើតហេតុ ឈ្មោះសួន តុងម៉េង ខឹងឈ្មោះបឹង គួយ(ត្រូវជាប្រពន្ធ)និយាយមិនស្តាប់ ថាឈប់ឲ្យផឹកស្រា ប៉ុន្តែឈ្មោះបឹង គួយ នៅតែផឹកស្រាទៀត ក៏យកវត្ថុរឹងវាយទៅលើឈ្មោះបឹង គួយ បណ្តាលត្រូវចំចង្កានឹងក្បាល របួសជាទម្ងន់។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះទៅដល់កន្លែងកើតហេតុ តាមរកជនសង្ស័យតែរកមិនឃើញ។ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកកោះធំ លុះព្រឹកឡើង ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។
ករណីនេះសមត្ថកិច្ចជំនាញ កំពុងខិតខំស្រាវជ្រាវតាមរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់