ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនទូរសព្ទហូវៃ ត្រូវបានចោរឆក់កាបូបយកទៅបាត់

ភ្នំពេញ: នារី២នាក់ ដែលជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនទូរសព្ទហូវៃ ត្រូវបានចោរធ្វើសកម្មភាពឆក់យកកាបូបទៅបាត់ដោយសុវត្ថិភាព ខណ:ជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវ១៥៦ កែងផ្លូវសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ ទី១ឈ្មោះ អីម គីមលី អាយុ២១ឆ្នាំ ធ្វើការនៅក្រុមហ៊ុន ហូវៃ នៅម្តុំផ្លូវនរោត្តម ស្នាក់នៅម្តុំសាលាអាស៊ីអឺរ៉ុប ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ដោយមានស្រុកកំណើតនៅខេត្តបាត់ដំបង(ជាម្ចាស់កាបូប) និងជនរងគ្រោះទី២ជាអ្នកបើកម៉ូតូមានឈ្មោះ អាយ លី អាយុ២៤ឆ្នាំស្នាក់នៅជាមួយគ្នា ធ្វើការជាមួយគ្នា មានស្រុកកំណើតនៅខេត្តកោះកុង។

ក្នុងនោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ទូរសព្ទ មួយគ្រឿង ម៉ាកIPhone 6plus និងអត្តសញ្ញានបណ្ណ័១ កាតក្រុមហ៊ុន១ និងលុយមួយចំនួន។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់បានជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ធូដេយ ពណ៌ផ្កាឈូក មួយគ្រឿងឌុបគ្នាចេញពីធ្វើការក្នុងបំណងត្រឡប់ទៅផ្ទះ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ខណ:នោះជនសង្ស័យដែលជិះម៉ូតូតែម្នាក់ឯងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះដែលអង្គុយពីក្រោយ បានសម្រេច ដោយមានបក្ខពួក២នាក់ទៀត ជិះម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ជាអ្នកបិទគូទពីក្រោយរួចគេចខ្លួនបាត់តែម្តង ។ ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់ទី២ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនខាងលើផងដែរ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់