ភ្នំពេញៈ បុរសម្នាក់បើករថយន្តក្រុមហ៊ុន លី ហួរវេលុយ មួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរស២នាក់ កំពុងជិះនៅតាមដងផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៥មករា តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-7752 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ឆ្វេងដៃមកផ្លូវសហព្ធ័រុស្ស៊ី ខណៈនោះក៏មានរថយន្តក្រុមហ៊ុនលីហួរវេលុយមួយគ្រឿង ម៉ាកហ្វត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5287 បើករបដោយបុរសម្នាក់មកពីក្រោយស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់អង្គុយខាងក្រោយរងបួសដៃឆ្វេងម្ខាងធ្ងន់ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរកន្លែងកើតខាងលើ។ រីឯអ្នកបើកម៉ូតូរងបួសស្រាល។ ចំណែកម៉ូតូដាច់ស្លាកលេខ និងកន្ទុយក្រោយខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលេដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងម្ចាស់ម៉ូតូទារសំណងចំនួន២៥០ដុល្លារតែខាងម្ចាស់រថយន្តហ៊ានឲ្យតែ១០០ដុល្លារដោយខាងភាគីទាំងសងខាងចចារគ្នាអស់ជាងកន្លះម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្យនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់