ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូអឹមអេសអិចមួយគ្រឿង បានមកអង្គុយញុំអី នៅមុខណាហ្គាមួយសន្ទុះ ក៏មានការទាស់ពាក្យសំដីគ្នា ជាមួយនារីម្នាក់ ក៏ដកកាំភ្លើងអាមេបាញ់ចំជើងនារីម្នាក់ ផ្អើលសមត្ថកិច្ចខណ្ឌចំការមន។
ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅលើសួនច្បារណាហ្គាតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកអឹមអេសអិចមួយគ្រឿង មិនចាំស្លាកលេខ បានមកអង្គុយញុំអី នៅសួនមុខក្លោងទ្វារណាហ្គាវើល ស្រាប់តែពេលនោះមានជនសង្ស័យម្នាក់ បំណងចង់ញ៉ែញ៉ងជាមួយនារីជាជនរងគ្រោះ ទើបមានការទាស់ពាក្យសម្ដីគ្នា ឈានដល់ការដកកាំភ្លើងខ្លី ម៉ាក៥៩មួយដើម មកអាមេបាញ់ចំជើងឆ្វេងនារីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯជនសង្ស័យម្នាក់ទៀត ក្នុងចំណោមបក្ខពួក២នាក់ ឃើញដូចច្នេះក៏ទាញម៉ូតូ ជិះរត់គេចខ្លួនបាត់ស្រមោលឈឹង រីឯជនបង្កក្រឡេកទៅមិនឃើញគ្នា ក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះ ក៏ឃើញបុរសម្នាក់ កំពុងឈប់អង្គុយលើម៉ូតូ បានអាមេបំណងចង់បាញ់ប្លន់យកម៉ូតូជិះរត់គេចខ្លួន តែកាំភ្លើងអាក់ស្ដង់បាញ់មិនចេញ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នា ព្រួតវាយយ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់។
ក្រោយពេលកលតហេតុ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យនោះ ទៅពេទ្យដើម្បីព្យាបាល ហើយធ្វើការសាកសួរនាំបន្ថែមទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់