ព័ត៌មានជាតិ

សង្ស័យស្រវឹង បុរសម្នាក់ជិះម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ០២និង៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ មានករណីបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងបួសធ្ងន់ ដែលហេតុការណ៏នេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកនិនចាកាវ៉ាសាគី ពណ៌បៃតងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1FL-5545 បើកក្នុងល្បឿនលឿនសង្ស័យស្រវឹង បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យម៉ូតូខូចខាតយ៉ាងដំណំ រីឯអ្នកបើករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានមកដល់ និងធ្វើការវាស់វែង យកម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់