ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ ព្រោះតែស្រឡាញ់ប្រពន្ធខ្លាំង មិនចង់ឲ្យទៅណាឆ្ងាយពីខ្លួន ពេលដែលប្រពន្ធទៅធ្វើការ ប្ដីក៏បានខឹងយ៉ាងខ្លាំង រួចបានដើរចូលបន្ទប់ជួល យកខ្សែអង្រឹងចងក សម្លាប់ខ្លួនឯងចោលប្រពន្ធនិងកូន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម១ ភូមិបាត់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពមានឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេកាសំណង់ មានស្រុកកំណើតនៅស្រុកពាមរ៍ ខេត្តព្រៃវែង ប្រពន្ធឈ្មោះ នៀប ឡេង អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅហាង មានកូនប្រុសម្នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មុនពេលមានការភ្ញាក់ផ្អើលនេះ គឺប្រពន្ធសព បានទៅធ្វើការនៅហាង ទុកឲ្យប្ដីនិងកូនប្រុសម្នាក់អាយុ៩ឆ្នាំឲ្យនៅចាំផ្ទះ មិនដឹងថាប្ដីរបស់ខ្លួនខឹងនោះទេ ស្រាប់តែប្រពន្ធកំពុងតែធ្វើការ ក៏ក្រុមគ្រួសារតែទៅប្រាប់ថាប្ដីចងកស្លាប់បាត់ទៅហើយ ។
បើតាមសម្តីប្រពន្ធរបស់សពខាងលើបានបញ្ជាក់ថា រូបនាងជាប្រពន្ធបានស្រឡាញ់គ្នាបានជាង១ឆ្នាំហើយមិនបានរៀបការទេ រួចក៏មិនទាន់មានកូនដែរ ចំណែកូនប្រុសនោះគឺជាកូនរបស់នាងជាមួយប្ដីមុនទេ។ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមក គឺប្ដីរូបនេះមិនឲ្យនាងទៅណាឆ្ងាយពីប្ដីទេ និងមិនឲ្យទៅធ្វើការទៀត។ តែដោយសារតែរស់នៅជាគ្នាយូៗទៅជីវភាពគ្រួសារកាន់តែលំបាកទៅៗ ប្រពន្ធចេះតែបានសុំប្ដីទៅធ្វើការតែប្ដីមិនឲ្យទៅទេ រហូតដល់ថ្ងៃសកើតហេតុប្រពន្ធក៏បានដាច់ចិត្ដសុំប្ដីទៅធ្វើការម្ដងទៀតនៅហាងមួយកន្លែង ពេលនោះប្ដីក៏យល់ព្រមតែព្រមឲ្យទៅធ្វើការតែ១ម៉ោងទេ នៅពេលនោះដែលដោយសារប្ដីចាំប្រពន្ធយូរមិនឃើញត្រឡប់មកផ្ទះ ប្ដីក៏បានយកខ្សែរអង្រឹងមកយកជាមួយនិងធ្នឹមដំបូលបន្ទប់ជួលស្លាប់តែម្ដង។ មួយសន្ទុះក្រោយមក កូនប្រុសរបស់នាងដែលត្រូវជាកូនចុងសពជនរងគ្រោះ បានបើកទ្វារចូូលបន្ទប់ដើម្បីដេក ស្រាប់តែឃើញឪពុកចុងក សម្លាប់ខ្លួនក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយតែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ និងទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច័យមកពិនិត្យបានឲ្យដឹងថា សពជនរងគ្រោះពិតជាបានចងកសម្លាប់ពិតប្រាកដមែន រួចក៏បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់