ព័ត៌មានជាតិ

រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ខ្ទេចទាំងព្រឹក!

​ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា។

គោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយ(១០១៩) កែងនិងផ្លូវបេតុងចូលទៅមណ្ឌលកែប្រែគ្រឿងញៀនឱកាសខ្ញុំ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតគេឃើញមានរថយន្ត២គ្រឿងបើកមុខក្រោយគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយមួយគ្រឿងម៉ាកហាយឡែនឌ័រ និងមួយគ្រឿងទៀតម៉ាកបាឡែន ដោយរថយន្តហាយឡែនឌ័របើកពីមុខលុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តហាយឡែនឌ័របានបត់ឆ្វេង។ ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តហាយឡែនឌ័រ បណ្តាលឲ្យដួលរងរបួសធ្ងន់។ ពេលនោះក៏មានរថយន្ត១គ្រឿងទៀតម៉ាកFUSO ជាប្រភេទរថយន្តក្រឡុកស៊ីម៉ងតិ៍បានបើកមកពីជើងទៅត្បូងឃើញដូច្នោះ អ្នកបើកបរបានបួងចង្កូតគេចនិងរថយន្តនិងម៉ូតូនោះហើយបានទៅឡើងទៅសួនច្បារពុះចែកទ្រូងផ្លូវទៅបុកនិងបង្គោលភ្លើងធ្វើឲ្យបង្គោលភ្លើងនោះបាក់ទៅត្រូវនិងរថយន្តបាឡែនបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយបន្ថែមទៀត។

ក្រោយមកនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងប្រគល់រថយន្តទាំង៣គ្រឿងនិងម៉ូតូឲ្យទៅនគរបាលការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ។ចំណែកអ្នកបើកបរម៉ូតូត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែ៕

មតិយោបល់