ព័ត៌មានជាតិ

Update៖ ស្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីត្រូវរថយន្តដឹកសុីម៉ង់ត៍បើកបុកម៉ូតូ រុញផ្ទប់រថយន្តមួយគ្រឿងទៀត!

ភ្នំពេញៈ យុវជនម្នាក់បើករថយន្តដឹកសុីម៉ង់ត៍ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកម៉ូតូធូដេរុញផ្ទប់នឹងរថយន្តស្ទូចមួយគ្រឿងទៀត បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ ហើយរថយន្តបង្កក៏បន្តទៅបុកនិងរថយន្តកាមរីបាឡែន និងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរបួសបុរសម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឌុក ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់ភូមិកប់ធ្លក់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកតៃកុងរថយន្តបង្កឈ្មោះ សៅ សុភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបរ មានស្រុកកំណើតភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រីឯអ្នករងរបួសឈ្មោះ ជឹម ប៉ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌សូកូឡា អត់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 8622 ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានបត់ឆ្លងផ្លូវទៅតាមផ្លួវ៣០ម៉ែត្រ ស្រាប់តែមានរថយន្តដឹកសុីម៉ង់ត៍ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1033 ធ្វើដំណើរតាមបណ្តោយ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានជ្រុលបុកម៉ូតូធូដេពេញទំហឹង រុញទៅផ្ទប់នឹងរថយន្តស្ទូចរួមទាំងរថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3272 ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កក៏បានថតក្រោយកិនម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1AL 8665 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយរថយន្តបង្កបណ្តាលឲ្យរងរបួសស្រាល។

ភ្លាមៗនេះតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗនៅកន្លែងកើតហេតុនិងប្រគល់ជូនសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចតៃកុងរថយន្តបង្កបានសារភាពថាខ្លួនបានបើករថយន្តដឹកសុីម៉ង់ត៍ទើបតែមកទៅដាក់ឲ្យម៉ូយនៅផ្សារបុរីសន្តិភាព២ ហើយបំណងត្រឡប់ទៅខេត្តកំពង់ស្ពឺ វិញខណៈមកដល់ចំណុចកើតហេតុដោយសារតែចាប់ហ្វ្រាំងមិនជាប់ទើបបុករះតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍ រួមទាំងទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាបផ្លូវច្បាប់៕

មតិយោបល់