ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ខណៈដែលកំពុងជិះម៉ូតូនៅលើដងផ្លូវ ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យខ្ទាតចេញពីដងផ្លូវប្រហែល២០ម៉ែត្រ។
ហេតុការណ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្លែងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ កុយ សុខា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់ជិតកន្លែងខាងលើ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្តាល។
យោងតាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-6497 បើកពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-0365 ដែលបើកដោយបុរសម្នាក់ពីត្បូងទៅត្បូង ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់នោះប៉ើងចេញពីផ្លូវជាតិ ធ្លាក់ជិតដល់ស្រែប្រហែល២០ម៉ែត្រស្លាប់គួរអោយអាណោចអាធ័ម។ ភ្លាមៗនោះដែលអ្នកបើកបរថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=KFSg3KXX6a0&t=1s
មតិយោបល់