ព័ត៌មានជាតិ

Update៖ រថយន្តកុងតឺន័រ បុកម៉ូតូនិចពីក្រោយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: រថយន្តដឹកកុងតឺន័រ១គ្រឿងបានបើកលឿនហើយបានជ្រុលទៅបុកម៉ូតូស៊ុយហ្ស៊ុយគីនិច១គ្រឿងពីក្រោយ បណ្ដាលឲ្យបុរសជនជាតិខ្មែរឥស្លាមម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកយុវជនដែលជាជនជាតិខ្មែរឥស្លាមដូចគ្នារងរបួសធ្ងន់ ហើយរថយន្តបានបើករត់ចម្ងាយប្រហែល២គីឡូម៉ែត្រ ទើបឈប់ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ទៀត លី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឈូកស ឃុំឈូកស ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកអ្នករងរបួសឈ្មោះ សឹម អូស្មាន អាយុ១៨ឆ្នាំ ភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំ1H-9230 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានគេចម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងកំពុងឈប់លើចិញ្ចើមផ្លូវហើយក៏ត្រូវបានរថយន្តទៅដល់បុកពីក្រោយបណ្ដាលឲ្យស្លាប់និងរបួសបែបនេះតែម្ដង៕

មតិយោបល់