ត្បូងឃ្មុំៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក។ សំណុំឯកសារពាក់ពន្ធ័រឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌមកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយក៏បានអញ្ជើញភាគីមិនឯកភាពគ្នានោះ ដើម្បីរកដំណោះស្រាយ និងការសម្របសម្រួលបន្ត មុននឹងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ ។
ខណៈពេលដែលភាគីទាំងពីរ ៖ ១.ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ , ២.ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ បានអញ្ជើញមកដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ បានមានប្រសាសន៍ណែនាំដល់លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ឲ្យធ្វើការដោះស្រាយជូនពួកគាត់ ។
បន្ទាប់ពីស្វែងរកដំណោះស្រាយលើបញ្ហាខាងលើនោះ នគរបាលខេត្តត្បូងឃ្មុំ បានចំណាយពេល ៧២ ម៉ោង ហើយបានរកឃើញថាភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលដោយប្រាក់ដែលទទួលបានមកពីឈ្នះរង្វាន់ ពីតែអូរអ៊ិឈិនោះស្នើរសុំឲ្យចែកពាក់កណ្តាលម្នាក់ មានន័យថាស្មើនឹងហាសិបភាគរយ (50%) ក្នុងម្នាក់ ។ កិច្ចព្រមព្រៀងធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីភាគីណាមួយណាមួយឡើយ ឬពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទេ ។
ជាចុងក្រោយភាគីទាំងពីរ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណចំពោះលោកអធិការនគរបាលស្រុកមេមត់ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ក្នុងដោះស្រាយ និងសម្របសម្រួលជូនពួកគាត់ ដែលប្រជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់បានជ្រៅជ្រះ ហើយក៏បានជូនពរលោកស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវ៉ាត។
សូមបញ្ជាក់ជូនថា ៖ ចំពោះរឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) នេះ គឺនគរបាលមិនបានទាមទារផលប្រយោជន៍ពីអ្នកទាំងពីរនោះទេ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈមតិជ្រាបជាព័ត៌មាន៕
មតិយោបល់