ព័ត៌មានជាតិ

ហួសចិត្ត ករណីចោរ ដាក់ថ្នាំសណ្តំយកកង់បីឡាំប៉ាតាទៅបញ្ចាំបានលុយ២២០០ដុល្លារយកទៅបាត់ ម្ចាស់សល់តែសំបុត្របញ្ចាំ

ភ្នំពេញៈ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅចំណុចផ្លូវ១៨២ ជិតនឹងស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ខណៈដែលបុរសម្នាក់ទើបតែទិញឡាំប៉ាតាបាន១ខែ ត្រូវបានជនសង្ស័យឆបោក ដាក់ថ្នាំសណ្តំនាំយកកង់បីឡាំប៉ាតា ទៅបញ្ចាំបាន២២០០ដុល្លារយកទៅបាត់ ចំណែកម្ចាស់សល់តែសំបុត្របញ្ចាំ តាំងពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានបានឲ្យជនរងគ្រោះឌុបពីផ្លូវសឡា ទៅផ្លូវ២០០៤កន្លែងលេងបុកប៊ីយ៉ែ មួយកន្លែង។ ពេលកំពុងជិះជនសង្ស័យបានគាស់បាកាសឲ្យគាត់១កំប៉ុងផឹក និងនិយាយលួងលោមបោកបញ្ឆោត លុះពេលទៅដល់គោលដៅ ជនសង្ស័យបានយកលេខទូរសព្ទជនរងគ្រោះទុក ហើយដើរចូលទៅក្នុងបាត់ រហូតជនរងគ្រោះវិលមុខ ធ្វើអ្វីតាមគេបញ្ជាររហូត ដោយបានយកឡាំប៉ាតានេះទៅបញ្ចាំនៅហាងមួយកន្លែងបានលុយ២២០០ដុល្លារ ដោយមានទាំងសំបុត្រពន្ធផងដែរ ហើយយកលុយនោះមកលេងបុកប៊ីយ៉ែជាមួយជនសង្ស័យរហូតចាញ់អស់ពីខ្លួន ត្រូវជនសង្ស័យយកលុយទៅអស់គេចខ្លួនបាត់ ចំណែកខ្លួនសល់តែសំបុត្របញ្ចាំ ហើយរាងស្វាងបន្តិច ទៅដឹងថាខ្លួនចាញ់បោកគេ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគបាលប៉ុស្តិ៍ទឹកល្អក់៣ បានឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលអូរបែកក្អមទៅ ពេលបានពាក្យបណ្តឹងហើយ ត្រឡប់ មកវិញសមត្ថកិច្ចនឹងជួយអន្តរាគមន៍ឲ្យម្ចាស់ឆែកកាមេរ៉ានៅហាងបញ្ចាំជូន ដើម្បីឲ្យស្គាល់មុខជនសង្ស័យកាន់តែច្បាស់ងាយស្រួលកំណត់មុខសញ្ញា ៕

មតិយោបល់