ព័ត៌មានជាតិ

មួយភ្លែតសោះ ២ករណីផ្ទួនគ្នាលើស្ពានអាកាស៥មករា

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនៗគ្នា បង្កឡើងដោយខ្លួនឯង រថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ករណីទី១ យុវជនម្នាក់បើករថយន្តសណ្តោងធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿង វាក់អើនឹងរថយន្តមួយគ្រឿងបណ្តាលរអិលថយក្រោយ ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូងលើស្ពានអាកាស៥មករាខ្ទាតចេញពីជួរអស់១កង់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចលើស្ពានអាកាស៥មករា ត្រើយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពពីអ្នកបើកបរបានឲ្យដឹងថា មុនកើតហេតុរូបគេបានបើករថយន្តសណ្តោងធំធុនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8777 បានដឹកស៊ីម៉ង់ត៍ចេញពីខេត្តកំពត បំណងយកទៅដាក់នៅរ៉ារថភ្លើង ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងលើស្ពានដែលជាផ្លូវហាមឃាត់មិនឲ្យរថយន្តធុនធំបើកឆ្លងកាត់ ខណៈមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនិងរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខបណ្តាលរថយន្តអកហ្សើ រអិលមកក្រោយកាច់ចង្កេះរថយន្តបណ្តោយកង់រថយន្តទៅបុករបាំថ្មចែកទ្រូងផ្លូវខ្ទាតចេញពីជួអស់មួយកង់។ តែសំណាងល្អមិនបង្កឲ្យមានរងរបួស។

ករណីទី២ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលស្ពានអាកាស៥មករាបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង២០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចគល់ស្ពានអាកាស៥មករាត្រើយខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ុគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-3907 ធ្វើដំណើរទិសដៅពីកើតទៅលិច បំណងជិះឡើងស្ពាន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកក្បាលស្ពានពេញទំហឹង បណ្តាលដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់